លោកអ្នកប្រកដជាធ្លាប់បានឭ
ជាពិសេសសុភាពនារីទាំងឡាយជាច្រើនរួចមកហើយ
អំពីគ្រប់យ៉ាងដែលទាក់ទងនឹងបញ្ហារដូវរបស់ស្ដ្រី។
បើទោះបីជាយ៉ាងណាក៏នៅមានចម្ងល់ជាច្រើន
នៅតែមាននៅក្នុងការគិតរបស់នារីទាំងឡាយនៅឡើយ។ ទាំងនេះក៏ព្រោះតែស្ដ្រីគ្រប់រូបចាំបាច់ត្រូវមានការយល់ដឹងអំពីបញ្ហានេះ។
រដូវជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពស្ដ្រី។
សំណួរទី១ ៖
ហេតុអ្វីបានជាស្ដ្រីត្រូវមានរដូវ? ជាទូទៅរដូវដំបូងចាប់ផ្ដើមនៅពេលណា?
ចម្លើយ ៖ តាមពិតធម្មជាតិបានតាក់តែងឱ្យស្ដ្រីមានមេជីវិតញីនៅក្នុងខ្លួនជាស្រេច
ចាប់តាំងពីពេលចាប់កំណើតមកម្ល៉េះ គ្រាន់តែមិន
ទាន់ដល់ពេលដែលត្រូវបញ្ចេញមកតែប៉ុណ្ណោះ។ នៅពេលពេញវ័យត្រូវមានរដូវ
ទើបមេជីវិតញីធ្លាក់ចុះមក ដែលជាសញ្ញាប្រាប់ថាស្ដ្រី អាចឈានដល់វ័យបន្ដពូជបានហើយ។
ហេតុនេះហើយទើបស្ដ្រីត្រូវមានរដូវ។ កាលពីជំនាន់មុន
ភាពពេញវ័យរបស់ស្ដ្រីគឺនៅក្នុងវ័យ ១៧ឬ១៨ឆ្នាំ។
ផ្ទុយទៅវិញបច្ចុប្បន្ននេះ ស្ដ្រីឆាប់មានរដូវ
ហើយការមករដូវដំបូងរបស់ស្ដ្រីធ្លាក់មកត្រឹម១១ ឬ១២ឆ្នាំតែប៉ុណ្ណោះ។
សំណួរទី២ ៖
ហេតុអ្វីបានជានៅពេលបច្ចុប្បន្ននេះ កុមារីឆាប់មានរដូវដំបូង? តើមានផលប៉ះពាល់អ្វីដែរឬទេ?
ចម្លើយ ៖ បានជានៅពេលបច្ចុប្បន្ននេះកុមារីឆាប់ពេញវ័យនោះ
គឺដោយសារតែការបរិភោគរបស់ពួកគេបានគ្រប់គ្រាន់ សារជាតិ
ទ្រទ្រង់រាងកាយមានពេញបរិបូរណ៍។
មិនមានផលប៉ះពាល់អ្វីទេចំពោះការឆាប់មករដូវរបស់កុមារីនោះ
គ្រាន់តែថាកាលណាឆាប់មក ដល់ពេលចាស់ក៏ឆាប់អស់ទៅវិញដែរ។
សំណួរទី៣ ៖
ហេតុអ្វីបានជាមានការឈឺចាប់នៅពេលមានរដូវ? តើមានវិធីព្យាបាលការឈឺចាប់នេះឬទេ?
ចម្លើយ ៖ មានស្ដ្រីមួយចំនួនជួបប្រទះអាការឈឺចុកចាប់ម្ដុំខាងក្រោមពោះនៅពេលមករដូវ
ហើយជួនកាលធ្វើឱ្យគាត់ពិបាកទ្រាំជា ខ្លាំង។
ការឈឺចាប់នៅពេលមករដូវនេះត្រូវបានចែកចេញជាពីរប្រភេទ គឺការឈឺចាប់ធម្មតា
និងការឈឺចាប់មិនធម្មតា។
១ – ការឈឺចាប់ធម្មតា ៖ នៅពេលមករដូវ
ស្ដ្រីអាចមានការឈឺចាប់បន្ដិចបន្ដួចនៅមុនពេលមករដូវមួយថ្ងៃ នោះមិនមាន
បញ្ហាអ្វីដែលគួរឱ្យចាប់អារម្មណ៍ទេ
អាការៈទាំងនេះនឹងបាត់ទៅនៅថ្ងៃដែលឈាមរដូវធ្លាក់មក។
ការឈឺចាប់បែបនេះច្រើនកើតមាន លើស្ដ្រីវ័យក្មេងដែលមិនទាន់បានឆ្លងកាត់ការរួមភេទ
និងការសម្រាលកូន។
២ – ការឈឺចាប់មិនធម្មតា ៖ ភាគច្រើនកើតឡើងចំពោះស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ
និងការសម្រាលកូន។ ការឈឺ ចាប់ខ្លាំងនៅពេលមករដូវ
ដែលជួនកាលធ្វើឱ្យស្ដ្រីទ្រាំមិនបាន ហើយអាចសន្លប់បាត់ស្មារតីក៏មានដែរ។
ចំពោះស្ដ្រីដែលកាលពីមុនមិន ធ្លាប់មានការឈឺចាប់
ហើយទើបតែចាប់ផ្ដើមឈឺចាប់នៅពេលនេះ
អាចជារោគសញ្ញានៃជម្ងឺអង់ឌីម៉ែតទីយ៉ូ។ មានន័យថា កោសិកា
អង់ដូម៉ែតដែលធ្លាប់នៅក្នុងស្បូន មានតួនាទីបញ្ចេញឈាមរដូវមកក្រៅ
បានទៅទំនៅនឹងដៃស្បូន ឬក្រៅស្បូន ជាហេតុធ្វើឱ្យ
ឈាមរដូវបញ្ចេញមិនបានល្អ នាំឱ្យស្អិតបង្កឱ្យមានការឈឺចាប់។
ការព្យាបាលចាំបាច់ត្រូវធ្វើឡើងដោយយោងទៅតាមមូលហេតុបង្ក។
គ្រូពេទ្យជំនាញខាងរោគស្ដ្រីនឹងធ្វើការព្យាបាលទៅ តាមលក្ខណៈនៃការឈឺចាប់។
មានកត្ដាបន្ទាប់បន្សំមួយចំនួនដែលស្ដ្រីអាចជួយខ្លួនឯងនៅពេលដែលមានការឈឺចាប់
ដូចជាអាចប្រើ ថ្នាំបន្ថយការឈឺចាប់
និងប្រើទឹកក្ដៅស្អំនៅបរិវេណខាងក្រោមពោះ
អាការៈឈឺចាប់អាចកាត់បន្ថយបានមួយកម្រិត។ ទោះបីជាយ៉ាង
ណាប្រការដែលល្អបំផុតសម្រាប់លោកស្រីអ្នកនាងកញ្ញា គឺការពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
សំណួរទី៤ ៖ នៅពេលមានរដូវ ស្ដ្រីគួរមានអនាម័យថែទាំខ្លួនបែបណា
និងមានរបបអាហារបែបណា?
ចម្លើយ ៖
នៅពេលមានរដូវជាពេលវេលាដែលត្រូវយកចិត្ដទុកថែទាំសុខភាពឱ្យត្រឹមត្រូវ។
មានកត្ដាមួយចំនួនដែលត្រូវចាប់ អារម្មណ៍គឺ ៖
- ការប្រើប្រាស់សំឡីអនាម័យ ៖ ស្ដ្រីគួរប្រើសំឡីអនាម័យឱ្យសមស្របទៅតាមចំណុះនៃឈាមរដូវ។
មានន័យថា ឈាម រដូវមកច្រើន យើងគួរប្រើសំឡីអនាម័យរាងក្រាស់បន្ដិច
ឬសំឡីដែលជក់ទឹកបានល្អ ដើម្បីកុំឱ្យឈាមរដូវប្រឡាក់មកខាងក្រៅ។ ចំពោះសំឡីកាលណាយើងប្រើក្រាស់ពេក
វាធ្វើឱ្យយើងស្អុះស្អាប់ពេក។ ដូច្នេះស្ដ្រីគួរប្រើប្រាស់សំឡីទន់
ឬបែបណាដែលងាយស្រួល ប្រើសម្រាប់ខ្លួនឯង។
ចំពោះស្ដ្រីនៅតាមជនបទដែលគ្មានថវិកាគ្រប់គ្រាន់ក្នុងការទិញសំឡីអនាម័យ
លោកស្រីអ្នកនាងអាចប្រើក្រណាត់ជំនួសបាន
ដោយបោកគក់ក្រណាត់នោះឱ្យបានត្រឹមត្រូវ។
- ចំណីអាហារ ៖ ស្ដ្រីមិនចាំបាច់តមចំណីទេ
គាត់ចង់បរិភោគអ្វីគឺបរិភោគជាធម្មតា។ ព្រោះថា ដើម្បីមករដូវបានល្អ ទាល់
តែយើងបរិភោគអាហារឱ្យបានគ្រប់សព្វ ដើម្បីឱ្យអាហារនោះផលិតចេញជាឈាមរដូវបាន។
មានស្ដ្រីខ្លះ ពេលមករដូវមានសភាព ស្លេកស្លាំង។ ករណីដូចនេះ
ស្ដ្រីត្រូវបន្ថែមចំណីឱ្យបានច្រើនដូចគ្នាដែរ ចំពោះនារីដែលរើសចំណីអាហារ
មិនសូវញ៉ាំចំណីអាហារក្នុង កំឡុងពេលនេះ
គាត់គួរតែញ៉ាំចំណីអាហារបន្ថែមទៀត។ ចំណីអាហារទាំងនោះអាចជាផ្លែឈើគ្រប់មុខ(ព្រោះវាមានវីតាមីនគ្រប់គ្រាន់)
ឬចំណីអាហារផ្សេងៗទៀត។ ការបរិភោគចំណីអាហារបន្ថែមនេះ
អាចចៀសវាងបាននូវសភាពស្លេកស្លាំង ព្រោះថានៅពេល
មករដូវស្ដ្រីត្រូវបាត់បង់ជាតិដែក និងជាតិកាល់ស្យូមយ៉ាងច្រើនរួចទៅហើយ។
- អនាម័យសព៌ាង្គកាយ ៖ នៅពេលឈាមរដូវជោកសំឡី
ស្ដ្រីត្រូវប្ដូរសំឡីចេញ ហើយងូតទឹកសម្អាតកាយជាធម្មតា រួចដាក់
ឬបោះចោលសំឡីអនាម័យឱ្យបានត្រឹមត្រូវ។ ក្នុងពេលមករដូវនេះ
ស្ដ្រីមិនគួរគប្បីចុះទៅក្នុងទឹកត្រពាំង ឬស្រះទេ ព្រោះវានាំ
ឱ្យឆ្លងមេរោគផ្សេងៗ។ សូមចៀសវាងនូវការស្លៀកខោដែលធ្វើពីជាតិនីឡុង
ឬខោដែលហប់ពេក។ ខោសើមីត្រូវផ្លាស់ចេញដើម្បី ចៀសវាងនូវការរមាស់។
- សកម្មភាពផ្លូវកាយ ៖ នៅពេលមករដូវ ស្ដ្រីមានការនឿយហត់
និងអស់កម្លាំងច្រើន។ នៅពេលខ្លះ ស្ដ្រីកំពុងមករដូវក៏ មិនគួរលេង ឬហាត់កីឡាដែរ
ព្រោះវាធ្វើឱ្យកាន់តែអស់កម្លាំងថែមទៀត។
ប៉ុន្ដែស្ដ្រីអាចលេងកីឡាដែលប្រើកម្លាំងតិចតួច ទៅតាម ស្ថានភាពសុខភាព។
ដូចគ្នាដែរ ចំពោះសកម្មភាពការងារប្រចាំថ្ងៃក្នុងពេលមករដូវ
ស្ដ្រីចូរកុំធ្វើដំណើរផ្លូវឆ្ងាយពេក និងកុំធ្វើការងារ ប្រើកម្លាំងធ្ងន់ពេក។
ចូរធ្វើការទៅតាមកម្លាំងដែលអាចធ្វើទៅបាន។
សំណួរទី៥ ៖
ហេតុអ្វីបានជាស្ដ្រីមានរដូវមិនទៀងទាត់? តើរដូវមិនទៀងមានលក្ខណៈបែបណា?
ចម្លើយ ៖ ជាធម្មតាឈាមរដូវធ្លាក់មករៀងរាល់ខែ ខួបរដូវជាមធ្យម២៨ថ្ងៃ
គឺនៅចន្លោះគម្លាតពី២១ទៅ៣៥ថ្ងៃ ហើយរដូវមាន រយៈពេលពី៣ទៅ៤ថ្ងៃ។
ជាឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២៨ថ្ងៃ រៀងរាល់២៨ថ្ងៃគាត់មកម្ដង
ឬ៣០ថ្ងៃមកម្ដង។ នៅខែក្រោយរដូវ គាត់មកមុន២ថ្ងៃឬលើសពី២ថ្ងៃ
នោះមិនជាបញ្ហាអ្វីទេ។ ករណីខួបរដូវមកលើសពី៣៥ថ្ងៃ ឬតិចជាង២១ថ្ងៃ
យើងហៅថារដូវមិន ទៀង។
មានកត្ដាមួយចំនួនដែលធ្វើឱ្យរដូវស្ដ្រីមកមិនទៀងទាត់។
ការទទួលទានអាហារមិនគ្រប់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរដូវ។
ការព្រួយចិត្ដច្រើនពេកសប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា
ក៏នាំឱ្យរដូវរបស់ស្ដ្រីមកមិនទៀងទាត់បានដែរ។ ម្យ៉ាងទៀតរដូវមិនទៀងអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។
ប្រការដែលនឹងរៀបរាប់ខាងក្រោមនេះជាប្រការ ដែលរដូវស្ដ្រីមកមិនទៀង
មានលក្ខណៈមិនធម្មតា ស្ដ្រីគួរមានការកត់សម្គាល់ផងដែរ។
- រដូវធ្លាក់ញាប់ ៖ ខួបរដូវខ្លី គឺជាការមករដូវមានរយៈពេលពី១៨ទៅ២១ថ្ងៃម្ដង
តែចំណុះឈាមរដូវមកប៉ុនគ្នា ហើយ រយៈពេលពី៣ទៅ៤ថ្ងៃក៏ដូចគ្នាដែរ។
លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្យាបាល។
- រដូវរង្វើល ៖
គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃទើបមករដូវម្ដង។
អ្នកខ្លះអាច៣ឬ៤ខែទើបមកម្ដង តែមក រដូវមានរយៈពេលពី៣ទៅ៤ថ្ងៃដូចគ្នា។
ការមករដូវបែបនេះមិនចាំបាច់ធ្វើការព្យាបាលទេ
នេះគ្រាន់តែខួបរដូវមានរយៈពេលវែងតែ ប៉ុណ្ណោះ។
តែវាមានផលវិបាកបន្ដិចត្រង់ថា
គាត់ពិបាកក្នុងការបង្កកំណើត(ពិបាកឱ្យមានកូន)។
- រដូវមកច្រើន ៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន
ធ្វើឱ្យមានសភាពស្លេកស្លាំង។ ករណីនេះ ស្ដ្រីច្រើនតែ
កើតមានជម្ងឺសរីរាង្គប្រដាប់បន្ដពូជ ដូចជាជម្ងឺស្បូន ជម្ងឺមហារីកជាដើម។
ស្ដ្រីត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
- ឈាមរដូវធ្លាក់មិនស៊ីចង្វាក់គ្នា ៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវពី៣ទៅ៤ដង
ករណីនេះច្រើនតែកើតមាននៅលើស្ដ្រី គ្រប់ការ។
ចំពោះស្ដ្រីនៅវ័យក្មេងក៏អត់មានបញ្ហាដែរ។
ប៉ុន្ដែចំពោះស្ដ្រីចំណាស់អាចមានជម្ងឺដុំសាច់ក្នុងស្បូន ឬជម្ងឺមហារីក ៕
0 coment�rios: